(កែប)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងស្របតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្ក្រាបទីតាំងលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន ៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក។
ប្រតិបត្តិការនេះ បានរកឃើញសកម្មភាពលេងមាន់ជល់ និងឆ្នោតឡូតូអនឡាញ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ ជាមួយគ្នានេះ អាជ្ញាធរបានធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពល្មើសជាបន្ទាន់។
រដ្ឋបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ជំហរថា នឹងមិនមានការយោគយល់ចំពោះទីតាំងណាដែលលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ឡើយ ហើយយុទ្ធនាការបង្ក្រាបនឹងបន្តអនុវត្តជាប្រចាំ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាម «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ជាមួយគ្នានេះ អាជ្ញាធរស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងផ្តល់ព័ត៌មានជាសម្ងាត់ទៅកាន់រដ្ឋបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ប្រសិនបើបានពិនិត្យឃើញទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីឱ្យអាជ្ញាធរមានវិធានការតាមផ្លូវច្បាប់៕

