(កែប)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានចុះបង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានជនជាតិចិន ៣នាក់ និងជនជាតិខ្មែរ ២នាក់ ព្រមទាំងដកហូតវត្ថុតាងជាអាវុធវែង និងអាវុធខ្លីមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ប្រតិបត្តិការខាងលើ ស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប។
កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពត ចុះឆែកឆេរកន្លែងស្នាក់នៅ និងធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមមានជនជាតិចិន ៣នាក់ ក្នុងនោះស្រី ១នាក់ និងជនជាតិខ្មែរ ២នាក់ ក្នុងនោះស្រី ១នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាអាវុធវែង និងអាវុធខ្លី។
ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវរកប្រភពអាវុធ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងមិនមានលិខិតឆ្លងដែន ត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកែប កសាងសំណុំរឿង រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់ សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក ជនសង្ស័យ ៤នាក់ទៀត ត្រូវបានលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប អនុញ្ញាតឱ្យធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

