(ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជាជនសង្ស័យពាក់ព័ន្ធករណីឃាតកម្ម បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៥៖០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យចំនួន ២នាក់ រួមមាន៖ ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ ២៦ឆ្នាំ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ កឹម ម៉ារ៉ា ភេទស្រី អាយុ ៣២ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ភ្លាមៗក្រោយកើតហេតុ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ន គីមអៃ ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។
ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បន្តស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដើម្បីកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
ជាលទ្ធផល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖១០នាទី កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិជោរ៍ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីច្បាប់៕

