(តាកែវ)៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទជល់មាន់មួយកន្លែង ស្ថិតនៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ក្រោមការដឹកនាំរបស់លោក សាយ វណ្ណៈ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ក្នុងគោលបំណងបង្ក្រាប និងទប់ស្កាត់សកម្មភាពល្បែងស៊ីសងខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការចុះបង្ក្រាបនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលស្រុកបាទី ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងចូលរួមលុបបំបាត់អំពើអបាយមុខនៅតាមមូលដ្ឋាន។
គួរបញ្ជាក់ថា ការចុះបង្ក្រាបនេះ មិនមែនជាលើកទី១ ឡើយដែលកន្លងមក លោកអភិបាលស្រុកបាទី តែងតែដឹកនាំកម្លាំងជំនាញ និងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាបន្តបន្ទាប់ នៅតាមបណ្តាភូមិ-ឃុំនានាក្នុងមូលដ្ឋាន។
សកម្មភាពទាំងនេះ មានគោលដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់អំពើអបាយមុខ និងធានាឱ្យប្រជាពលរដ្ឋអាចរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខសាន្ត។
រដ្ឋបាលស្រុកបាទី បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕

