(ខេត្តកណ្ដាល)៖ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់ សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សិស្សជ័យលាភីទាំង ៤៨នាក់ ទទួលបានម៉ូតូអគ្គិសនីម្នាក់ ១គ្រឿង ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរៀនសូត្រ និងជំរុញឱ្យបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ប្រកបដោយសមត្ថភាព និងទំនុកចិត្ត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការសិក្សា និងជំរុញក្មួយៗឱ្យអភិវឌ្ឍទាំងចំណេះដឹង សីលធម៌ និងគុណធម៌។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ខេត្តកណ្ដាល មានសិស្សទទួលបាននិទ្ទេស A ចំនួន ១៨៦នាក់ ដែលជាលទ្ធផលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្ស កុំឱ្យបញ្ឈប់ការខិតខំត្រឹមការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប៉ុន្តែត្រូវយកសមិទ្ធផលនេះធ្វើជាមូលដ្ឋានសម្រាប់បន្តការសិក្សានៅកម្រិតឧត្តមសិក្សា ដើម្បីពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសជាតិ មិនអាចខ្វះធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អបានឡើយ។ ដូច្នេះ ក្មួយៗត្រូវបន្តខិតខំសិក្សា កំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងសមស្របនឹងសមត្ថភាព ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពឱ្យស្របតាមការវិវឌ្ឍនៃសង្គម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជាពិសេសក្រុមការងារក្រុងតាខ្មៅ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យមាតាបិតា និងអាណាព្យាបាល បន្តចូលរួមលើកទឹកចិត្ត និងគាំទ្រកូនៗឱ្យបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ព្រោះការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពរីកចម្រើនរបស់ប្រទេសជាតិ៕

