បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចេញសេចក្តីបំភ្លឺបដិសេធទាំងស្រុង ចំពោះការចុះផ្សាយតាមបណ្តាញសង្គម ដែលចោទប្រកាន់ថា ទីតាំងម៉ាស្សាមួយចំនួននៅក្រុងបាត់ដំបង បានបង់ប្រាក់ឱ្យនគរបាលក្រុងបាត់ដំបង ក្នុងមួយខែចំនួន ៨០,០០០រៀល។
តាមសេចក្តីបំភ្លឺ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ Facebook Page ឈ្មោះ «សុខ ផានិត» បានបង្ហោះខ្លឹមសារថា មានទីតាំងម៉ាស្សា និងបម្រើសេវាផ្លូវភេទជាច្រើនកន្លែងនៅក្រុងបាត់ដំបង ហើយបានអះអាងថា ស្ត្រីបម្រើសេវាផ្លូវភេទនៅទីតាំងមួយ បាននិយាយថា បង់ប្រាក់ឱ្យនគរបាលក្រុងបាត់ដំបងក្នុងមួយខែចំនួន ៨០,០០០រៀល។
ក្រោយទទួលបានព័ត៌មាន និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះពិនិត្យទីតាំងម៉ាស្សា និងកោសជប់មួយកន្លែង ស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានម្ចាស់ទីតាំងឈ្មោះ ម ដ ណ ភេទស្រី អាយុ៣៨ឆ្នាំ។
ម្ចាស់ទីតាំងបានបំភ្លឺថា មុនពេលមានការបង្ហោះផ្សព្វផ្សាយខ្លឹមសារខាងលើ មានបុរស២នាក់ ជិះម៉ូតូឃ្លីកពណ៌ក្រហម បានមកសុំប្រាក់ចំនួនពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ដោយអះអាងថា ជាអ្នកសារព័ត៌មាន។ ដោយម្ចាស់ទីតាំងពុំមានប្រាក់ឱ្យ ទើបកើតមានការឈ្លោះប្រកែកគ្នា ហើយបុរសទាំង២នាក់បានជិះចេញទៅ។
ប្រហែល៥នាទីក្រោយមក បុរសទាំង២នាក់បានត្រឡប់មកវិញ និងសុំសាំងចំនួនពី ៤ ទៅ ៥លីត្រ ប៉ុន្តែម្ចាស់ទីតាំងមិនព្រមឱ្យ។ ក្រោយមកប្រមាណ៥០នាទី ក៏មានការបង្ហោះខ្លឹមសារតាមបណ្តាញសង្គមដូចដែលបានរៀបរាប់ខាងលើ។
បន្ទាប់ពីការសាកសួរ និងបំភ្លឺរួច កម្លាំងនគរបាលបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយហាមឃាត់មិនឱ្យមានការផ្តល់ទីតាំង ឬបើកសេវាកម្មបម្រើផ្លូវភេទជាដាច់ខាត។
ជុំវិញការចោទប្រកាន់ថា ទីតាំងម៉ាស្សាបានបង់ប្រាក់ឱ្យនគរបាលក្រុងបាត់ដំបង ក្នុងមួយខែចំនួន ៨០,០០០រៀលនោះ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបដិសេធទាំងស្រុង ដោយបញ្ជាក់ថា កម្លាំងនគរបាលក្រុងបាត់ដំបង ពុំដែលបានទទួល ឬពាក់ព័ន្ធនឹងការទទួលប្រាក់ចំនួនខាងលើពីទីតាំងម៉ាស្សានោះឡើយ។
អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់ទុកការលើកឡើងនេះថា ពុំមានមូលដ្ឋានច្បាស់លាស់ និងជាការចោទប្រកាន់ដែលអាចប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជឿទុកចិត្តរបស់សាធារណជនចំពោះសមត្ថកិច្ច។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានស្នើសុំសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការយល់ច្រឡំចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ។

