(ខេត្ដរតនគិរី) ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី និងមន្រ្ដីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភាពទឹកជំនន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
នាដំណើរចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបានជួបសំណះសំណាលសាកសួរព័ត៌មាន អំពីផលប៉ះពាល់ដំណាំកសិកម្ម ជាមួយនិងអាជ្ញាធរ នៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ និងបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមភូមិសាស្រ្ដជន់លិចផ្ទាល់។
ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់បានលិចលង់ដំណាំរួមផ្សំមានដូចជា៖ ពោតស បន្លែ និងដំណាំទ្រទ្រង់សេដ្ឋកិច្ចមាន ដំឡូងមី សណ្តែក ស្វាយចន្ទី និងស្រូវ ហើយប្រសិនបើទឹកជំនន់នៅលិចបន្ដរយៈពេលយូរ នោះនឹងបង្កផលប៉ះពាល់ដំណាំ និងសេដ្ឋកិច្ចពលរដ្ឋ ដោយមន្រ្តីជំនាញនឹងពិនិត្យវាយតម្លៃពីផលប៉ះពាល់តាមដំណាក់កាល។
ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ថែមថា ស្ថានភាពទឹកទន្លេស្រែពក (ស្ថានីយវាស់កម្ពស់ទឹក ឃុំជ័យឧត្តម ស្រុកលំផាត់) គិតត្រឹមម៉ោង ០៦៖០០ព្រឹក កម្ពស់ទឹក ១៣,៣៨ម៉ែត្រ (ម្សិលមិញកម្ពស់ទឹក ១៣,៦៧ម៉ែត្រ) ស្រក ០,២៩ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ១២,៥០ម៉ែត្រ និងស្ថានភាពទឹកទន្លេសេសាន ស្រុកវើនសៃ(ស្ថានីយវាស់កម្ពស់ទឹក ឃុំកាចូន ស្រុកវើនសៃ) គិតត្រឹមម៉ោង ០៦៖០០ព្រឹក កម្ពស់ទឹក ៧,៧៥ម៉ែត្រ (ម្សិលមិញកម្ពស់ទឹក ៧,០០ម៉ែត្រ កើនឡើង ០,៧៥ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្នកម្ពស់ ៨,៥០ម៉ែត្រ។ ចំណែកស្ថានភាពទន្លេសេសានស្រុកតាវែង(ស្ថានីយវាស់កម្ពស់ទឹកទន្លេសេសានស្រុកតាវែង) គិតត្រឹមម៉ោង ០៦៖០០ ព្រឹក កម្ពស់ទឹក ៧,៩០ម៉ែត្រ(ម្សិលមិញកម្ពស់ទឹក ៨,១០ម៉ែត្រ ស្រក ០,២០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៨,០០ម៉ែត្រ។
ជាចុងបញ្ចប់នៃដំណើរបេសកកម្មចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តការតាមដានដោយយកចិត្តទុកដាក់លើការងារនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនពលរដ្ឋ៕











