កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣៖៣៤នាទី នៅចំណុចភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ដោយបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ ៣៩ឆ្នា ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។
លុះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ ដោយទទួលព័ត៌មានថា ជនសង្ស័យខាងលើបានគេចខ្លួនឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបន្តទៅធ្វើការនៅកន្លែងកាប់ជ្រូកជាមួយបងស្រីរបស់ខ្លួន ដែលមានទីតាំងនៅក្នុងភូមិផុងហៀង ឃុំបរណាង ស្រុកផាណាត់នី ខេត្តឈុនបុរី រួចបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅទីនោះតែម្តង នៅវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ៕

