ជម្លោះរវាងប្ដីប្រពន្ធមួយគូ រហូតឈានដល់ការផ្ទុះអាវុធ បាញ់ប្រហារ ០១គ្រាប់ បណ្ដាលឱ្យស្ត្រីជាប្រពន្ធរង របួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបុរសជាប្ដី ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៩៖៣០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥ កែង១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានអង្គុយហូបអីនៅក្បែរផ្ទះកើតហេតុ ខណៈនោះក៏ស្រាប់តែមានឮសំឡេងផ្ទុះអាវុធចំនួន ០១គ្រាប់ និងមានសំឡេងស្រែកចេញពីខាងក្នុងផ្ទះ។ ភ្លាមៗ ប្រជាពលរដ្ឋបានផ្អើលឆោឡោនាំគ្នារត់ទៅមើល និងខ្លះទៀតបានរាយការណ៍ទៅកាន់សមត្ថកិច្ចជួយចុះមកអន្តរាគមន៍។ ស្របពេលនោះប្រជាពលរដ្ឋបានប្រទះឃើញស្រ្តីរងគ្រោះហូរឈាមជោក ហើយក៏ហៅម៉ូតូកង់បី ដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ ចំណែកបុរសជាប្តី បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ទោះបីយ៉ាងណា ក្នុងហេតុហេតុការណ៍បាញ់ប្រហារពីសំណាក់បុរសជាប្ដីមកលើប្រពន្ធនេះ គេនៅមិនដឹងពីមូលហេតុនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកជនដៃដល់ ដើម្បីយកមកសាកសួរតាមនីតិវិធី៕

