(កំពង់ស្ពឺ)៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីលួច ដែលបានរត់ផ្លោះរបងចេញពីបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្ទះឈ្មោះ ជុយ សុខនី ភេទស្រី អាយុ ២១ឆ្នាំ ជាសង្សារ ស្ថិតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត ដាវចំនួន១ ពីជនសង្ស័យ។
តាមព័ត៌មាន ជនសង្ស័យខាងលើ ជាបក្ខពួកម្នាក់ក្នុងចំណោមជនសង្ស័យដែលបានរត់ផ្លោះរបងចេញពីខាងក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

