(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ុំ សុផល ដែលត្រូវបានស្គាល់ថា ជាម្ចាស់អគារ ២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសង្ស័យថា បានផ្តល់ទីតាំងឱ្យជនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងចំនួន ២កន្លែង ដែលទីតាំងទី១ ជាអគារកម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងហាល ១ ខណៈទីតាំងទី២ ជាអគារកម្ពស់ ២ជាន់ មាន ៥៩បន្ទប់ និងហាល ៤។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុបជាច្រើនសញ្ជាតិ រួមមាន៖ ជនជាតិថៃ ១៧៤នាក់ ក្នុងនោះស្ត្រី ៦៧នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន ២នាក់, ឥណ្ឌា ២នាក់ ក្នុងនោះស្ត្រី ១នាក់, ម៉ាឡេស៊ី ១នាក់ និងជនជាតិខ្មែរ ២៣នាក់ ក្នុងនោះស្ត្រី ១៥នាក់។
បច្ចុប្បន្ន ជនបរទេសទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។ ចំណែកសម្ភារសង្ស័យមួយចំនួន ត្រូវបានសមត្ថកិច្ចរឹបអូស និងដកហូត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចបានសម្រេច បិទទីតាំងអគារទាំង ២ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ថា៖ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ទីតាំង ក្នុងនោះបានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ទីតាំង (Scam Compounds) ដើម្បីឈានទៅអនុវត្តនីតិវិធីរឹបអូសតាមច្បាប់។
ទន្ទឹមនឹងនេះ ថវិកាជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងវាយតម្លៃតាមច្បាប់៕

