អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនក្មេងទំនើងប្រុស-ស្រី ចំនួន ០២ក្រុម សរុប ០៨នាក់ ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង ដែលបានធ្វើសកម្មភាពគប់គ្នាទៅវិញទៅមក បណ្ដាលឱ្យជនរងគ្រោះ ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួស សន្លប់បាត់បង់ស្មារតី ទៅកាន់តុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ០៤៖៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះដែរ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជាក់ស្ដែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៦នាក់ (ប្រុស ០៣នាក់ ស្រី ០៣នាក់)។
រហូតដល់ម៉ោងប្រមាណ ១២៖២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ។
ក្មេងទំនើងទាំង ០៨នាក់ (ប្រុស ០៥នាក់ ស្រី ០៣នាក់) ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងចាប់យក រួមមាន ៖ ម៉ូតូ ០២គ្រឿង ដុំថ្មមួយចំនួន និងសម្ភារៈមួយចំនួនទៀត ។
ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៨នាក់ បានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដូចការរៀបរាប់ខាងលើប្រាកដមែន ។
បច្ចុប្បន្ន ក្មេងទំនើងប្រុស-ស្រី ទាំង ០៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕

