លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ នឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយទស្សនកិច្ចនេះ ក៏កើតមានឡើងស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួប ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត។
កម្ពុជា និងថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏នឹងមានជំនួបទ្វេភាគីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនផងដែរ៕

