(ថៃឡង់ដ៍)៖ មនុស្ស២នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តទេសចរណ៍មួយគ្រឿង កាលពីម៉ោង ៤៖៥១នាទីព្រឹកថ្ងៃពុធ ដោយសារតែអ្នកបើកបរងោក (ងងុយ) ខណៈកំពុងបើកបររថយន្ត ។
ឧបទ្ទវហេតុក្រឡាប់រថយន្តទេសចរណ៍នេះ កើតឡើងនៅលើផ្លូវផែតកាសែម (Phet Kasem) ឃុំហួសៃ (Huai Sai) ស្រុកមឿង (Muang) ខេត្តប្រាជុបគិរីខាន់ (Prachup Khiri Khan) ឆ្ពោះទៅកាន់ស្រុកដូនសាក់ (Don Sak) ខេត្តស៊ូរ៉ាន់ធានី (Surat Thani) ប្រទេសថៃ ។
នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍ ក្លងវ៉ាន់ (Khlong Wan) បានឱ្យដឹងថា រថយន្តក្រុងពណ៌លឿងនេះ ដំណើរការដោយក្រុមហ៊ុនរុងរឿងខូចខូអិលធីឌី (Roong-Reuang Coach Co Ltd) ដោយធ្វើដំណើរចេញពីចំណត ខេត្តរ៉ាក់យ៉ង។ អ្នកបើកបររថយន្តឈ្មោះ Tossaporn អាយុ ៥១ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា មានអ្នកដំណើរចំនួន ២៨នាក់នៅលើរថយន្តក្រុងខាងលើនេះ ហើយនៅក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់បានស្លាប់នៅនឹងកន្លែង ខណៈ ១៣នាក់ផ្សេងទៀតទទួលរងរបួស ហើយអ្នករងរបួស ត្រូវគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕

