(ក្រុងសិរីសោភ័ណ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រី រីណា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្តីពីករណីលួច (ប្រាក់តាម QR Code ធនាគារ) កាលពីវេលាម៉ោង ០១៖៤០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយជនរងគ្រោះបានបាញ់ប្រាក់ថ្លៃឈ្នួលម៉ូតូឌុបតាមរយៈ QR Code ធនាគារវីង ដែលមានឈ្មោះ SIVMINH YUN ដែលថ្លៃឈ្នួលម៉ូតូឌុបតែ ១០,០០០រៀល តែជនរងគ្រោះច្រឡំបាញ់ទៅចំនួន ១,០០០ដុល្លារ ពេលដែលម្ចាស់គណនីឈ្មោះ SIVMINH YUN ទទួលបានប្រាក់ហើយ មិនព្រមប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ ហើយបានរត់គេចខ្លួន។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យុន ស៊ីវមិញ(អាម៉ី) ភេទស្រី អាយុ ៣២ឆ្នាំ នៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលលុយ ១.០០០ដុល្លារ របស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានគេចខ្លួនយកលុយនោះទៅសងគេ និងលែងល្បែងអស់។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

