(កំពង់ស្ពឺ)៖ ក្មេងទំនើងចំនួន ២ក្រុម បានវាយតប់គ្នាទៅវិញទៅមក ដោយប្រើដុំថ្ម និងខ្សែក្រវាត់ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦៖១០នាទីល្ងាច នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS2 ស្ថិតក្នុងភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ច ករណីនេះបង្កឡើងដោយក្មេងទំនើង ២ក្រុម៖ ក្រុមទី១ មានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង និងក្រុមទី២ មានគ្នា ៥នាក់ ជិះម៉ូតូ ៣គ្រឿង។ មូលហេតុដំបូង គឺក្រុមទី១ បានជិះម៉ូតូឆាបម៉ូតូរបស់ក្រុមទី២ បន្ទាប់មកបានឈប់ស្ទាក់ផ្លូវ និងយកដុំថ្មគប់គ្នាទៅវិញទៅមក។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ រួមមាន៖
១. អឿន វីន ហៅ «អាក្របី» អាយុ ២០ឆ្នាំ
២. ហេង បូរ៉ា អាយុ ១៩ឆ្នាំ
៣. ណាង ចាន់ណា អាយុ ១៩ឆ្នាំ
៤. ស៊ុំ ស៊ីម ហៅ «ចយ» អាយុ ២០ឆ្នាំ។ ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
វត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមាន ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AB-7578 ចំនួន ១គ្រឿង, ខ្សែក្រវាត់ ១ និងដុំថ្មចំនួន ៦ដុំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

