(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានដោយយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកឱ្យបានល្អប្រសើរ ទាំងការស្នាក់នៅ ស្បៀងអាហារ និងសុខភាព ។
ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគថវិកាមួយចំនួន ចែកជូនដល់គ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹកដែលមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-សៀម ជិត២០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយសួរសុខទុក្ខដោយក្តីអាណិតស្រឡាញ់ និងការយោគយល់ចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចេញពីលំនៅឋានមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។
ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ច ដោយត្រូវរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នឱ្យមានរបៀបរៀបរយ មានអនាម័យ និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់បងប្អូនជនភៀសសឹក ជាពិសេសស្ត្រី កុមារ និងមនុស្សចាស់ ជៀសវាងការស្នាក់នៅដោយប្រថុយប្រថាននឹងអាកាសធាតុ ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវតាមដានឱ្យជាប់ជាប្រចាំនូវស្ថានភាពជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយការដាច់ស្បៀងអាហារឡើយ។ អាជ្ញាធរត្រូវត្រៀមបម្រុង និងបែងចែកស្បៀងឱ្យបានទាន់ពេលវេលា និងធានាឱ្យបាននូវការប្រើប្រាស់ទឹកស្អាតដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។
ឯកឧត្តម វ៉ី សំណាង បន្ថែមទៀតថា ត្រូវសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះពិនិត្យសុខភាពជូនបងប្អូនឱ្យបានទៀងទាត់ ក្នុងករណីមានការឈឺថ្កាត់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានឆាប់បំផុត ដោយមានការផ្តល់ថ្នាំសង្កូវ និងការព្យាបាលដោយយកចិត្តទុកដាក់ អាជ្ញាធរស្រុក-ក្រុងទាំងអស់ក្នុងខេត្តតាកែវ ត្រូវធ្វើការកត់ត្រាស្ថិតិបងប្អូនដែលមកដល់ថ្មីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់ជំនួយសង្គ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ឯកឧត្តម វ៉ី សំណាង ក៏បានសង្កត់ធ្ងន់ផងដែរថា៖ ក្នុងនាមជាអាជ្ញាធរ យើងត្រូវនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាលំបាកបែបនេះ។ សុខទុក្ខរបស់បងប្អូន គឺជាភារកិច្ចចម្បងរបស់យើង។ មិនត្រូវមានការរើសអើង ឬធ្វើការធ្វេសប្រហែសក្នុងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះឡើយ៕

