នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១៥០ គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំបរខាំ ស្រុកអូរយ៉ាដាវ។ ពិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា អនុប្រធានគណៈកម្មាធិការ សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក និងអាជ្ញាធមូលរដ្ឋាន អញ្ជើញចូលរួមអមដំណើរឯកឧត្តមប្រធានផងដែរ ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីនេះ។
ទន្ទឹមនឹងការគិតគូរពីជីវភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។
ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសត្វមូស ហេតុដូចនេះ សូមកុំឱ្យមានទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម ដែលជាជម្រកសត្វមូស ជាពិសេសត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំ ព្រោះមុងមានក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូនស្រាប់។ បន្ថែមពីនេះក៏សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ ដែលនាំឱ្យមានវិប្បដិសារីក្នុងគ្រួសារ។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសគឺជំងឺអេដស៍។
ឯកឧត្តម ញ៉ែម សំអឿន បានលើឡើងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា ដើម្បីបន្តប្រកបមុខរបរស្តារជីវភាពគ្រួសារឡើងវិញ ពិសេសសូមពុកម៉ែ បងប្អូនទាំងអស់ ជួយណែនាំកូនចៅកុំឱ្យសេពគ្រឿងញែន កុំលែងល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់បន្ថែមថាសម្រាប់ខេត្តរតនគិរី កន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធ្លាប់បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ រួចមកហើយកាលពី ថ្ងៃទី ២៧,២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។
អំណោយមនុស្សធម៌ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ហើយឯកឧត្តមប្រធានក៏បានជូនថវិកាផ្ទាល់ខ្លួន ជូនលោកយាយ លោកតាចាស់ជរា ជនពិការ និងអ្នកជំងឺ មួយចំនួនផងដែរ៕

































