ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖១០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចផ្ទះជួលលេខ៦៧ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (កាច់សោរកម៉ូតូ) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ឡាយ ចាន់សី ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យទាំង ០៣នាក់ រួមមាន៖
*១៖ ឈ្មោះ សន ពេជ្រច័ន្ទដានីន ហៅចែកា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៧១បេតេ រាជធានីភ្នំពេញ (អ្នកទទួលផលចោរកម្ម)។
*២៖ ឈ្មោះ សុវណ្ណ រ៉ូហ្សា ហៅសាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៦៥៦ សង្កាត់តាង៉ូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ផ្សំគំនិតក្នុងអំពើទទួលផលចោរកម្ម)។
*៣៖ ឈ្មោះ រិន មករា ហៅតោ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅម្តុំវត្តនិរោធ រាជធានីភ្នំពេញ (អ្នកលួច)។
សម្ភារដកហូត រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-1553, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1H-6537, ម៉ូតូម៉ាកហុងដាហ្សូមឺរ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GB-4829 និងផ្លាកលេខម៉ូតូចំនួន ០៣សន្លឹក។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

