ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ៖
“Telegram ដោយសារតែសកម្មភាពមិនធម្មតានៅលើគណនីរបស់អ្នក។ សូមចូលទៅកាន់មជ្ឍមណ្ឌលសុវត្ថិភាពដើម្បីផ្ទៀងផ្ទាត់លេខលេខទូរសព្ទរបស់អ្នកអោយបានឆាប់តាមតែអាចធ្វើបាន បើមិនដូចច្នេះទេយើងនឹងលុបគណនីរបស់អ្នកក្នុងរយៈពេល ២៤ ម៉ោង។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង។”
ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។
ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុចឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ។

