កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង ១០៖២០នាទី មានករណីប្រទះឃើញសាកសព ០១នាក់ សង្ស័យជនជាតិចិន ភេទប្រុស មានអាយុប្រហែល ៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ៍័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ រួមមាន៖
*១៖ ឈ្មោះ Le Shanzhe (ឡឺ សានហ្សឺ) ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ Zhou Qing (ចូវ ឈីង) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ Fan Youping (ហ្វាន យូពីង) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ Lin Yi (លីន យី) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
*៥៖ ឈ្មោះ Yang Jiajie (យ៉ាង ចាជា) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕














