សន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឃាត់ខ្លួនស្ត្រី ២នាក់ ដែលដើរទម្លាក់យោង (ប្រើខ្សែកលោហៈក្លែងក្លាយ) ដើម្បីលួងលោមជនរងគ្រោះទិញក្នុងតម្លៃធូរថ្លៃ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ១១៖២០ នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ សោម ស្រីពៅ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហៀង មុំ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ទ ស ម៉ ល ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវ១១៧ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យខាងលើបានណាត់គ្នាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ (ពេទ្យរុស្ស៊ី) គោលបំណងមកធ្វើសកម្មភាពឆបោក (ប្រើខ្សែកក្លែងក្លាយ) ។ ពេលមកដល់ ជនសង្ស័យខាងលើ ក៏បានជួបជនរងគ្រោះ ហើយប្រាប់ជនរងគ្រោះថារើសបានកាបូបតូចមួយក្នុងនោះមានខ្សែកចំនួន ១ខ្សែ ។ បន្ទាប់មកជនសង្ស័យ ក៏បានលួងលោមឱ្យជនរងគ្រោះទៅកន្លែងស្ងាត់ ហើយយកខ្សែកក្លែងក្លាយនោះមកលក់ឱ្យជនរងគ្រោះក្នុងតម្លៃធូរថ្លៃ ។ ក្នុងនោះ ខណៈពេលជនសង្ស័យកំពុងលួងលោមជនរងគ្រោះ ហើយជនរងគ្រោះរៀបនឹងយកលុយទិញខ្សែក ស្រាប់តែមានសន្តិសុខក្នុងមន្ទីរពេទ្យមកសួរនាំ ទើបដឹងថាស្ត្រី ២នាក់នេះ ជាមុខសញ្ញា តែងតែមកធ្វើសកម្មភាពឆបោក ក្រោមរូបភាពទម្លាក់យោងនេះញឹកញាប់ជាមួយប្រជាពលរដ្ឋដែលមកមន្ទីរពេទ្យ ទើបខាងកម្លាំងសន្តិសុខមន្ទីរពេទ្យ ឃាត់ខ្លួនយកជនសង្ស័យខាងលើ មកប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

