ឯកឧត្តម សាម សុជាង៖ វិស័យទេសចរណ៍ និងបរិស្ថាន ប្រៀបដូចជាម្តាយ និងកូន មិនអាចខ្វះគ្នា បាន ក្នុងការរួមកម្លាំងគ្នាចូលរួមអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព។
ការថ្លែងរបស់ឯកឧត្តម សាម សុជាង អភិបាលរងខេត្តរតនគិរី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការវាយតម្លៃធនធានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិវីរៈជ័យ ដែលរៀបចំដោយអង្គការ IUCN សហការជាមួយ រដ្ឋបាលខេត្តរតនគិរី និង ក្រសួងបរិស្ថាន នៅសណ្ឋាគាររតនៈ ប៊ូទិក ព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួម ប្រមាណ៣០នាក់។
ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត លើវិស័យ ទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេស នៅតំបន់ជុំវិញ បឹងកន្សែង ដែលមាននូវសម្បទា ទេសចរណ៍សំខាន់ៗ សួនច្បារ សួនកម្សាន្ត ដើម្បីលើកកម្ពស់នូវ សោភណ្ឌភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តខេត្តរតនគិរី ។ ក្នុងនោះដែរឧទ្យានជាតិវីរៈជ័យ គឺជាដែនជម្រកដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងស្ថិតនៅក្នុង ចំណោម ជាឧទ្យានជាតិ បេតិកភណ្ឌអាស៊ានទាំងពីរក្នុងប្រទេស។ ក្នុងឆ្នាំ២០២៣ ផ្ទៃដីឧទ្យានជាតិត្រូវបាន ពង្រីក ពី ៣៣២,៥០០ហិកតា ទៅ ៤០៥,៧៦៦ហិកតា ក្នុងគោលបំណងបញ្ចូលច្រករបៀងអភិរក្សជីវចម្រុះ ទៅក្នុង ប្រព័ន្ធដែនឧទ្យានជាតិ។
ឧទ្យាន ជាតិ វីរៈជ័យ ជាជម្រកដែលមានព្រៃឈើ ដីទំនាបពាក់កណ្តាល បៃតងក្រាស់ ព្រៃភ្នំ វាលសាវាណា(វាលធំ) ព្រៃឫស្សីក្រាស់ និងតំបន់ព្រៃឈើចម្រុះសម្បូរបែប។ ឧទ្យានជាតិ វីរៈជ័យ គឺជាតំបន់ដែលមានសក្តានុពលខ្ពស់ក្នុង ការអភិវឌ្ឍន៌អេកូទេចរណ៌នៅក្នុងខេត្តផងដែរ។
ឯកឧត្តម សាម សុជាង បន្តថា ជាកាពិតណាស់វិស័យទេសចរណ៍ និងបរិស្ថាន ប្រៀបដូចជាម្តាយនិងកូន ដែលមិនអាចខ្វះគ្នា បាន ក្នុងការរួមកម្លាំងគ្នាចូលរួមអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិ និងតំបន់ ទេសចរណ៍វប្បធម៌ជាច្រើន ទាំងនោះ បានផ្តល់តម្លៃជាពិសេសសម្រាប់ អេកូ ទេសចរណ៍នៅក្នុងខេត្តរតនគីរី និង បាន ចូលរួមចំណែកក្នុងការ បង្កើតឱកាសចំណូលប្រកបដោយចីរភាព សម្រាប់សហគមន៌ មូលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋ ក្នុងខេត្តតាមរយៈ សកម្មភាពដូចជា ជាមគ្គុទ្ទេសគ៍ក្នុងសហគមន៍ ការផ្តល់ សេវាផ្ទះស្នាក់ (homestay) សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗ។
អេកូទេសចរណ៍ មិនត្រឹមតែ ជួយ បង្កើនប្រាក់ចំណូល សម្រាប់ សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែបន្តរក្សាបាននូវវប្បធម៌និងចំណេះដឹងប្រពៃណីផងដែរ ។ អេកូទេសចរណ៍ក៏បានផ្តល់ អត្ថប្រយោជន៍ជាច្រើន សម្រាប់សហគមន៍ ក្នុងមូលដ្ឋាន បរិស្ថាន ព្រមទាំងជួយលើកស្ទួយ ការអភិរក្ស ធនធាន ធម្មជាតិ រួមមាន៖ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ផ្សេងៗ។
ដូច្នេះសិក្ខាសាលាស្តីពីការវាយតម្លៃធនធានសម្រាប់ការអភិវឌ្ឍអេកូ ទេសចរណ៍ព្រឹកនេះ ពិតជាមានសារៈ សំខាន់ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ពន្ធ័ ដើម្បីក្រុមការងារវាយតម្លៃរបស់អង្គការ IUCN ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលផ្ដោតលើ វិស័យទេសចរណ៍ និងផលប្រយោជន៍របស់សហគមន៍មូលដ្ឋានក្នុងភូមិសាស្រ្ដ ខេត្ដរតនគិរី និងខេត្ដស្ទឹងត្រែង។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានស្នើដល់អង្គការជាតិ អន្តរជាតិនានាពេលអនុវត្តគម្រោងនានា សូមសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធបានប្រាកដប្រជា ជាពិសេសធ្វើយ៉ាងណា អោយមានតម្លាភាព គណនេយ្យភាព និងប្រកបដោយផ្លែផ្កា ៕

