(ស្វាយរៀង) ៖ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានសរសេរបង្ហោះខ្លឹមសារថា សូមបងប្អូនធ្វើដំណើរនៅពេលយប់ជ្រៅមានការប្រុងប្រយ័ត្នផង មានករណីចោរប្លន់ម៉ូតូ បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយទទួលបានទទួលព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ២៣៖៣៥នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃដដែល ខណៈដែលកម្លាំងនគរបាលបានចេញល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យចំនួន ០២នាក់ ជនជាតិវៀតណាម រួមនឹងវត្ថុតាងធ្វើសកម្មភាព (ម៉ូតូជិះធ្វើសកម្មភាព) ពេលឃើញសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានព្យាយាមរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ប្រាកដមែន។ ករណីនេះសមត្ថកិច្ចក៏បានដកហូតម៉ូតូធ្វើសកម្មភាព ០១គ្រឿង ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

