Processed with Rookie Cam
(បាត់ដំបង)៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧៖២០នាទី មានបក្ខពួកក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូប្រមាណ ១០គ្រឿង ចេញពីសង្ក្រាន្តវិទ្យាល័យថ្មគោល ដល់ចំណុចក្រុម១៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ពួកគេបាននាំគ្នាធ្វើសកម្មភាពប្រើកាំបិតកាប់ និងយកដុំថ្មគប់ ហើយប្រើមួកសុវត្ថិភាពវាយលើក្រុមជនរងគ្រោះមានគ្នា ០៩នាក់ ម៉ូតូ ០៤គ្រឿង បណ្ដាលឱ្យជនរងគ្រោះ ០១នាក់ ឈ្មោះ ឃួន ប៊ុនហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសជាច្រើនកន្លែង ជាំក្បាលហើមប៉ោងខ្នង ០២កន្លែង (ពីរកាំបិត) ស្មាស្នាមជាំ និងហើម ប៉ោងរលាត់កំភួនដៃឆ្វេង (មួយកាំបិត)។
ភ្លាមៗព័ត៌មាននេះ បានមកដល់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក សេង លុច ជាអធិការ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតកន្លែងកើតហេតុ បានឡើងស្ទាក់ បង្ក្រាបទាន់ពេលវេលា ដោយនាំខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ សេង ពិសិទ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកវាយម៉ូតូ)
២-ឈ្មោះ ណុប សក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកវាយជនរងគ្រោះ)
៣-ឈ្មោះ ក្រិត វិច្ឆិកា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកៀនកេះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកឌុប)
៤-ឈ្មោះ ផាន់ ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (រត់ចូលវាយជនរងគ្រោះ) ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀត ជិះម៉ូតូគេចខ្លួនអស់។
វត្ថុតាងដកហូត រួមមាន៖
– ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AC-3736
– ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AZ-0368។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាវាយយម៉ូតូ ប្រើកាំបិតកាប់ និងយកមួកសុវត្ថិភាពគប់ រួចវាយលើជនរងគ្រោះប្រាកដមែន ដោយសារតែមានគំនុំពីមុនជាមួយគ្នា។
បច្ចុប្បន្នសមត្ថកិច្ចបន្តតាមចាប់បក្ខពួកដែលកំពុងរត់គេចខ្លួន ហើយមនុស្ស ០៤នាក់ និងវត្ថុតាង សមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនមកអនុវត្តទៅតាមផ្លូវច្បាប់៕




