(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ០១៖៥០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) មិនបានសម្រេច នៅចំណុចបណ្តោយផ្លូវជាតិលេខ៥៨ មុខវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន ១១នាក់ និងម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់ជនរងគ្រោះឈ្មោះ ភឹម សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងដំណើរមានគ្នាចំនួន ០៣នាក់ (ប្រពន្ធកូន) ជិះម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ គ្មានផ្លាកលេខ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងនោះរួមមាន ១.ឈ្មោះ វ៉ាន់ រតនា ហៅក្រៅ ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ វណ្ណៈ ណាវីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ និងបានដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ គ្មានផ្លាកលេខ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយកម្លាំងជំនាញធ្វើការសួរនាំជនសង្ស័យខាងលើរួច នៅវេលាម៉ោង ១៤៖០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងបានបន្តស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យ និងបានឃាត់ខ្លួនជាបន្តបន្ទាប់ ០៩នាក់បន្ថែមទៀត រួមមាន៖
១-ឈ្មោះ សូ វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ផៃ សំណាង ហៅ តឹង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ មឿន បញ្ញា ហៅ ម៉ៅ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
៤-ឈ្មោះ ម៉ៃ សារ៉ាមី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ
៥-ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ
៦-ឈ្មោះ ឃីម ចាន់ធា ហៅ ម៉ូស ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ
៧-ឈ្មោះ ខុម លីហួរ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
៨-ឈ្មោះ អន លាភ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ
៩-ឈ្មោះ យឿត សៀវហុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថតាង កាំបិតផ្គាក់ដងឈើប្រវែង ៧២សង់ទីម៉ែត្រចំនួន ០១ដើម, កាំបិតកែច្នៃដងឈើប្រវែង ១១៥សង់ទីម៉ែត្រចំនួន ០១ដើម, ម៉ូតូចំនួន ០៣គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំនិងចំណាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ជនរងគ្រោះតែមិនបានសម្រេចពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

