(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ដើម្បីឆបោកប្រាក់ជនរងគ្រោះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងរកឃើញការពាក់ព័ន្ធនឹងការលក់គណនីធនាគារជាច្រើនទៅឱ្យបណ្ដាញក្រុមឆបោក។
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវលើសំណុំរឿងដែលជនសង្ស័យបានលួចចូលគ្រប់គ្រងគណនី WhatsApp របស់ជនរងគ្រោះ និងក្លែងបន្លំគណនីធនាគារ ដើម្បីបោកប្រាស់មិត្តភក្តិក្នុងក្រុមសន្ទនា។
តាមការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញថា ជនរងគ្រោះត្រូវបានឆបោកអស់ប្រាក់សរុបចំនួន ២៥៣,៩៩៩.៨៩ ដុល្លារអាមេរិក។ លើសពីនេះ ក្រុមជនសង្ស័យក៏មានការពាក់ព័ន្ធនឹងសកម្មភាពទិញ-លក់គណនីធនាគារផងដែរ។
ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះមានជនជាតិវៀតណាម ០១នាក់ (ប្រុស) និងជនជាតិខ្មែរ ០៥នាក់ (ស្រី ០២នាក់)។ ការស្រាវជ្រាវបន្តបានបង្ហាញថា ជនសង្ស័យពាក់ព័ន្ធនឹងការលក់គណនីធនាគារជាង ២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា ៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតការផ្តល់ ជួល ឬប្រគល់គណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ព្រោះអាចប្រឈមនឹងហានិភ័យនានា និងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានបទល្មើសកើតឡើង៕

