ប៉ុន្មានថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានការផ្សព្វផ្សាយតាមទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុកពីរថយន្តមួយចំនួនបានបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត និងតុបតែងបន្ថែម។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ ៥១១ សក.ដជគ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីបង្ការ និងទប់ស្កាត់ការបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់លក្ខណៈសម្គាល់ ជាពិសេសបានច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

