(រាជធានីភ្នំពេញ) ៖ សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម ចាប់ខ្លួនជនបរទេសម្នាក់ ។
ដោយអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ដោយមានការដឹកនាំ និងសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ ៤១ឆ្នាំ ដោយចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេត កញ្ឆាក្រៀមទាំងនេះគឺមានប្រភពមកពីប្រទេសថៃ ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមបញ្ជាក់ថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុកការ និងដាំដុះកញ្ឆានៅកម្ពុជា គឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ ៕

