(ខេត្តបាត់ដំបង) ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឡោមព័ទ្ធចាប់បានភ្លាមៗ ក្រោយរូបគេបានធ្វើសកម្មភាពស្ទាក់វាយ និងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗនៅវេលាម៉ោង ៩៖២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AO-9339 ចេញពីផ្ទះដើម្បីទៅទិញទឹកកកនៅក្បែររបងវត្ត ចម្ងាយពីផ្ទះប្រហែល ១០០ម៉ែត្រ លុះពេលជិះត្រឡប់មកវិញ ក៏ត្រូវបានជនសង្ស័យឈ្មោះ ធឿន ខ្នា ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលរស់នៅក្បែរគ្នា ដែលគេស្គាល់ថាជាមនុស្សបែកថ្នាំបានចេញមកមានទាំងដំបង និងពូថៅវាយបណ្តាលឱ្យដួល និងបានកាប់ចិញ្រ្ចាំទាំងម៉ូតូ និងមនុស្សបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ និងកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ ដោយមានការសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានធ្វើការឡោមព័ទ្ធរហូតឃាត់ខ្លួនសង្ស័យខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបានកោសល្យវិច័យធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

