នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៣៥ នៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្ករឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់ ០៦គ្រាប់) ទៅលើជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់ ២.ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួច សង្ស័យបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។
លុះនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖១០នាទី ជនសង្ស័យខាងលើបានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ចម្លើយសារភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៣៖៣៥នាទី ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអាវុធ ម៉ាក AK បាញ់ទៅលើជនរងគ្រោះចំនួន ០២នាក់ ប្រាកដមែន មូលហេតុដោយសារតែក្រុមជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុធចេញពីក្នុងកែបម៉ូតូ ធ្វើសកម្មភាពខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី៕

