(ភ្នំពេញ)៖ នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ០៣គ្រឿង រក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

