(ភ្នំពេញ) ៖ ស្រ្តីអ្នករកស៊ីចងការប្រាក់ម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធករណី ឆបោក និងរំលោភលើសេចក្ដីទុកចិត្ត លើជនរងគ្រោះជាច្រើននាក់ សរុបទឹកប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ ។ នេះបើយោងតាម ដីការបញ្ជាឱ្យចូលខ្លួន លេខ ២២៨ អយផ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជអាជ្ញារង ស៊ូ សុជាតា ។
យោងតាមដីបញ្ជាឲ្យចូលខ្លួន ស្រ្តីរូបនោះមាន ឈ្មោះ វឿន ស្រីពេជ្រ មានគណនីហ្វេសបុក (Rose SuSu) ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ បង្វិលលុយ រាប់លុយ ស្ថិតនៅផ្ទះលេខ២៤ ផ្លូវP២១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនតាមពាក្យបណ្ដឹង សំណុំរឿងព្រហ្មទណ្ឌលេខ ១៩៩០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន, ឆបោក និងរំលោភលើទំនុកចិត្ត តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាក់ រ៉ាគីមណៃ ភេទស្រី អាយុ ៣១ឆ្នាំ ។
តាមប្រភពពីជនរងគ្រោះ បានបញ្ជាក់ផងដែរ ស្រ្តីសង្ស័យខាងលើបានប្រកបរបររកស៊ីចងការប្រាក់ រាប់លុយ បង្វិលលុយ ឆបោក រំលោភសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់ ។
បច្ចុប្បន្នស្រ្តីជនសង្ស័យកំពុងស្ថិតនៅដំណាកកាលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរ តាមនីតិវិធី ៕

