ស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម ៥នាក់ ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងបាវិត ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រូលនីតិវិធីពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។
ក្នុងការប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន៥នាក់ ក្នុងនោះ ស្រីម្នាក់ ហើយដកហូតបានសម្ភារវត្តុតាង មួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

