(ភ្នំពេញ) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) រាជធានីភ្នំពេញ ធ្វើការបង្ក្រាប សាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម និងសត្វចង្រិតដូង ចំនួន១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនឹង ៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន ៣០កេស ស្មើនឹង ១៤០០គីឡូក្រាម ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ ដែលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលនូវផលិតផលខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយកទៅបំផ្លាញចោល ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
ទន្ទឹមនេះ កម្លាំងជំនាញ បន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕

