ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យសរុបចំនួន ៩៨ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៨៤នាក់ ក្នុងនោះមានស្ត្រី ៨១នាក់ ដោយពួកគេទាំងអស់មានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅអាជីវកម្មលក់ទូរស័ព្ទឈ្មោះ «ឡឹ ចា ឌីជីថល» ស្ថិតក្នុងបុរីជីបម៉ុង ២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមានជនជាតិចិន ១នាក់ និងជនជាតិខ្មែរ ២នាក់ ក្នុងនោះមានស្ត្រី ១នាក់ ព្រមទាំងបានពិនិត្យរកឃើញសម្ភារពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីការត្រួតពិនិត្យ និងស៊ើបអង្កេតជំហានដំបូង កម្លាំងជំនាញបានវាយតម្លៃថា ករណីនេះស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំពោះសម្ភារពាក់ព័ន្ធ សមត្ថកិច្ចមិនទាន់ដកហូតនោះទេ ដោយសម្រេចបិទឃ្លុំទីតាំងជាបណ្តោះអាសន្ន និងរក្សាវត្ថុតាងទុកនៅក្នុងទីតាំងដដែល។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមច្បាប់៕

