(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ២០៖៣០នាទី នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៍ឯក ញ្ញាណ មករា នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានដឹកនាំកម្លាំងចុះដល់ទីតាំងកន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើលំនៅឋាន និងរំលោភលើទំនុកចិត្ត។
ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ដែលជនសង្ស័យបានប្រព្រឹត្តកាលពីវេលាម៉ោង ១៩៖០០នាទី នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយជនសង្ស័យបានឡើងទៅលើផ្ទះរបស់ឈ្មោះ សាន គន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរអ្នកអនាម័យ មានទីលំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ ហើយបានធ្វើសកម្មភាព អុជធូប អុជទៀន យកអំបោះសដាក់លើហ៊ឹង រួចក្រាបថ្វាយបង្គំ ធ្វើឱ្យម្ចាស់ផ្ទះមានការភ័យខ្លាចហើយបានដេញចេញបាត់ទៅ។
សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់បានខ្ចីម៉ូតូរបស់រងគ្រោះឈ្មោះ សាន គន យកទៅជិះដោយប្រាប់ថា ជិះទៅខេត្តពោធិ៍សាត់ ប៉ុន្តែមិនបានយកមកប្រគល់ឱ្យគាត់វិញទេ រហូតមកដល់សព្វថ្ងៃ។
ជនសង្ស័យមានឈ្មោះ ផួង ថុល ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង និងទូរសព្ឌ័ចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

