(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅក្រុងព្រះសីហនុ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានចាញ់បោកការផ្សព្វផ្សាយរកការងារតាមអនឡាញ ដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ និងការងារងាយស្រួល។
ក្រោយការសាកសួរ និងពិនិត្យលើស្ថានភាពជាក់ស្តែង សមត្ថកិច្ចបានវាយតម្លៃថា អ្នកទាំងនោះមិនមែនជាមេខ្លោង ឬអ្នករៀបចំប្រតិបត្តិការឆបោកនោះទេ ប៉ុន្តែជាជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលពាក់ព័ន្ធដោយមិនបានដឹងខ្លួន។
ដោយផ្អែកលើលទ្ធផលស្រាវជ្រាវ និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អាជ្ញាធរបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញ ខណៈជនសង្ស័យសំខាន់ៗដែលពាក់ព័ន្ធការរៀបចំ និងដឹកនាំប្រតិបត្តិការ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយការងារតាមបណ្ដាញសង្គម ឬការអូសទាញពីមេខ្យល់ដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ខុសប្រក្រតី ព្រោះអាចជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា និងប្រឈមបញ្ហាផ្លូវច្បាប់ដោយមិនដឹងខ្លួន៕

