(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ១៩៖២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាករណីចោលួច(ម៉ូតូ)យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់ ឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ, ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ ភេទប្រុស អាយុ ២៤ឆ្នាំ (គេចខ្លួនបាត់) ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ដោយមានការសហការពីជនសង្ស័យឈ្មោះ រ៉ន រិទ្ធ នៅវេលាម៉ោង ០៨៖៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត ១.ឈ្មោះ ចិន ថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ ពក រស្មី ភេទប្រុស អាយុ ១៧ឆ្នាំ, ៣.ឈ្មោះ ប៊ន រ៉ាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ (មេក្លោង) ជនសង្ស័យទាំង ០៣នាក់ ស្នាក់នៅជំរុំជនភៀសសឹក ស្ថិតនៅវត្តច័ន្ទស៊ី ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីកសាងសំណុំរឿង និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ ប៊ន រ៉ាត់ (មេក្លោង) បានឆ្លើយសារភាពថា ខ្លួនបានស្នាក់នៅបណ្តោះអាសន្ន នៅជំរុំជនភៀសសឹកវត្តច័ន្ទស៊ី តែម្នាក់ឯង ហើយបានស្គាល់បក្ខពួកចំនួន ០៥នាក់ ១.ឈ្មោះ យូសុះ រសាត ភេទប្រុស អាយុ ២៦ឆ្នាំ,២.ឈ្មោះ គឹត ភេទប្រុស អាយុ ២៤ឆ្នាំ, ៣.ឈ្មោះពក រស្មី ហៅក្រៅ ប្រុស ភេទប្រុស អាយុ ១៧ឆ្នាំ, ៤.ឈ្មោះបាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ, ៥.ឈ្មោះណាក់ ភេទប្រុស អាយុ ៣១ឆ្នាំ (បក្ខទាំង ០៥នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលកំពុងគេចខ្លួន) ដោយឈ្មោះ យូសុះ រសាត ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ គឹត ភេទប្រុស អាយុ ២៤ឆ្នាំ ពួកគេជាអ្នកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូយ៉ាងសកម្ម ហើយរាល់ពេលដែលអ្នកទាំង០២ លួចកាច់សោកម៉ូតូ គឺពួកគេយកមកទុកក្នុងរោងស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន ហើយបានឈ្មោះ រ៉ន រិទ្ធ ជាអ្នកយកម៉ូតូទៅលក់ ពេលលក់បានហើយ បែងចែកចំណែកដោយឈ្មោះ យូសុះ រសាតម និងឈ្មោះ គឹត បានប្រាក់ច្រើនជាងគេ។ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី៕

