រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ធ្នូនេះ បន្តអំពាវនាវដល់សហរដ្ឋអាមេរិក ចិន អាស៊ាន និងអន្តរជាតិ ជួយពន្លត់ភ្លើងសង្រ្គាមកម្ពុជា-ថៃ។ ការអំពាវនាវរបស់កម្ពុជាដូចនេះធ្វើឡើង ខណៈថៃបន្តពង្រីកការវាយប្រហារ រំលោភចូលដែនអធិបតេយ្យភាពកម្ពុជា និងខណៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) គ្រោងនឹងចាប់ផ្តើមឡើងវិញពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ធ្នូនេះ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ជាថ្មីថា កម្ពុជាចង់ដោះស្រាយជម្លោះ និងកំណត់ខណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការនានាដែលមានស្រាប់។ យោងតាមក្រសួងការពារជាតិ យោធាថៃបានពង្រីកការប្រហារចូលដល់ភូមិប្រជាជនក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅព្រឹកថ្ងៃទី២៤ធ្នូនេះ។ បើតាមក្រសួងការពារជាតិដដែល ក្នុងថ្ងៃទី២៤ធ្នូនេះដែរ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ស្រុកស្រីស្នំ ខេត្តសៀមរាប និងបានបាញ់ផ្លោងចូលតំបន់ជនស៊ីវិលកម្ពុជាក្នុងភូមិកូនត្រី (ក្បែរផ្លូវជាតិលេខ៥) ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យពលរដ្ឋ ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាកុមារ។
(អត្ថបទ rfi រូបភាព Dimo Hun)

