(រតនគិរី)៖ “អេស្កាវ៉ាទ័រ” មួយគ្រឿងរបស់ក្រុមហ៊ុនដេញថ្លៃគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវក្នុងមូលដ្ឋានឃុំត្រពាំងក្រហម ត្រូវបានលោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមប្រភពពីមន្ត្រីនៅសាលាស្រុកកូនមុំ បានបង្ហើបឱ្យដឹងថា “អេស្កាវ៉ាទ័រ” មួយគ្រឿងដែលបានមកកាយដីធ្វើផ្លូវនោះ គឺពុំមានច្បាប់អនុញ្ញាតនោះឡើយ។
ដោយគេសំអាងថា មានលោកមេឃុំ មាឃ មី និងលោក គឹម ហ៊ួរ ក្រុមប្រឹក្សាឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ជាអ្នកធានា តែឥឡូវបែរជាមកវេទនា គឺក្រុមហ៊ុនស្ថាបនាគម្រោងផ្លូវមូលនិធិភូមិឃុំត្រពាំងក្រហមទៅវិញ។
មូលហេតុដោយសារតែការចូលទៅកាយដីរបស់ប្រជាពលរដ្ឋ នៅចំណុចខាងលើ គឺពុំមានលិខិតអនុញ្ញាត ហាក់បានប្រើ ” រូបមន្តកន្ទេលធំបន្លំដេក ” ដោយបានយកគ្រឿងចក្រនោះទៅកាយដីប្រជាពលរដ្ឋដឹកលក់ឲ្យប្រជាពលរដ្ឋនៅតាមភូមិ បែបអនាធិបតេយ្យ ។
ដូច្នេះក្រោយពីមានបាតុភាព នៅល្ងាចថ្ងៃដដែលនោះដែរ ក្រោយពីមានការសាកសួរ រកលិខិតស្នាមពីលោក អនុប្រធានមន្ទីររ៉ែ រួចមកឃើញថា ពុំមានលិខិតអនុញ្ញាតពិតប្រាកដមែន..?!
ដូចនេះ លោកអនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានសហការ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី នាំយក”អ៊ិចស្ការវ៉ាទ័រ” មួយគ្រឿងនោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រងចាំការដោះស្រាយ..!!

