បាត់ដំបង៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅចំណុចលើផ្លូវកៅស៊ូ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ (វាយគ្នាទៅវិញទៅមក) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២ក្រុម ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១ក្រុម មានគ្នា០៧នាក់ ដូចខាងក្រោម៖ ១.ឈ្មោះ ង៉ែន ផានី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី បាត់ដំបង (អ្នកកាន់ដំបង), ២.ឈ្មោះ វេន រាវី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង, ៣.ឈ្មោះ សឹង វិចិត្រ អាយុ១៩ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង, ៤.ឈ្មោះ វ័ន ដាវីត ភេទប្រុស អាយុ២០ឆ្នាំ អាយុ១៧ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង, ៥.ឈ្មោះ ហ៊ាប ស៊ូហៀងភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ តាតុក ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង, ៦.ឈ្មោះ កយ មិនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធ២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និង៧.ឈ្មោះ ផុំ ភីនួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានដេញវាយនិងគប់គ្នា នៅត្រង់ចំណុចកើតហេតុ ខាងលើ ពិតប្រាកដមែន ។ មូលហេតុដោយសារ៖ ទាស់ពាក្យសម្តីគ្នានិងមានគំនុំ ទើបបង្កឲ្យមានហិង្សា។ វត្ថុតាងដកហូតបាន៖ ដំបងឈើ ១ដើម ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

