(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់វីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។
ពិធីនេះដែរ បានធ្វើឡើងនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ត និងអញ្ជើញពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា នៅថ្ងៃនេះ ដើម្បីរំលឹកអំពីគុណបំណាច់ដល់វីរៈយុទ្ធជនកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិ នៅតាមខ្សែបន្ទាត់ព្រំដែកម្ពុជា-ថៃ ដែលបានពលីដោយការវាយប្រហារពីសំណាក់ភាគីថៃនោះ រដ្ឋបាលខេត្ត បានរៀបចំពិធីគោរពនូវវិញ្ញាក្ខន្ធ និងបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យដល់វីរៈកងទ័ព និងប្រជាជនដែលបានស្លាប់ពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ។
ឯកឧត្តមអភិបាលខេត្ត បន្តថា យើងទាំងអស់គ្នា សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ ក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន។ ការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជា ពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បានប្រគេនទ័យទានដល់ព្រះសង្ឃក្នុងទីអារាមខាងលើរួមមាន អង្ករ ០៥បេ ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ ០៥កេស សៀង ០៥គីឡូ អំបិល ១០គីឡូ មី ០៥កេស ទឹកក្រូច ០៥កេស និងបច្ច័យ ០៤លានរៀល៕

