(កំពង់ស្ពឺ) ៖ នៅទី១០ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨៤-៨៥ ស្ថិតនៅចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១គ្រឿង ម៉ាក HONDA FTR 223CC ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០០០ ផ្លាកលេខ ភ្នំពេញ 1HL-9528 អ្នកបើកបរម៉ូតូមានឈ្មោះ ប៉ា ណៃហៀង ភេទប្រុស អាយុ ៤១ឆ្នាំ មានពាក់មួកសុវត្ថិភាព រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយគោយន្តកន្រ្ដៃ ០១គ្រឿង អូសរទេះ រ៉ឺម៉កឈើ ម៉ាស៊ីនម៉ាក TOTA ពណ៌ក្រហម អ្នកបើកគោយន្ដកន្រ្ដៃបានរត់គេចខ្លួនក្រោយជួបឧប្បត្តិហេតុ ។
យោងតាមសមត្ថកិច្ចនគរបាលដែលបានចុះដល់ទីតាំងកើតហេតុ បញ្ជាក់ថា គោយន្តកន្រ្ដៃ និងម៉ូតូបើកបរធ្វើដំណើរស្របទិសគ្នា ចៃដន្យ ម៉ូតូមើលមិនឃើញរទេះរ៉ឺម៉កឈើដែលពុំមានចំណាំងពន្លឺជាសញ្ញាសម្គាល់ឱ្យអ្នកដំណើរបានដឹងឃើញ ជ្រុលទៅបុកពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន នគរបាលបានធ្វើការវាស់វែង យកមធ្យោបាយទាំង០២ មករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំង ដើម្បីរង់ចាំការចូលមកដោះស្រាយ និងបន្ដនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចំណាត់ការនីតិវិធី រីឯអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាល ៕

