(កណ្តាល) ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងដុំឥដ្ឋ) កើតឡើង ស្ថិតនៅឃុំព្រែទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកលើកដែក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល យកមកអង្គភាពដើម្បីសាកសួរ ។
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យក រួមមាន៖ អាវុធខ្លី ០១ដើម ម៉ាកឡុក បង់ ០១ គ្រាប់ ៣០គ្រាប់, ម៉ូតូ ចំនួន ០៤គ្រឿង, ទូរសព្ទ ០៧គ្រឿង, កាបូបដៃ០២ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

