ខេត្តកែប៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្ត Ford Ranger Raptor បើកបរក្នុងស្ថានភាពស្រវឹង នៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង ៧:៤០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CG-8611 បើកបរពីលិចទៅកើត ដោយបុរសអាយុ ៣៤ឆ្នាំម្នាក់។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាក SsangYong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-6714 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបររថយន្ត SsangYong រងរបួសធ្ងន់។
ក្រោយការបុកគ្នា រថយន្ត Ford Raptor បានជ្រុលទៅបុកម៉ូតូម៉ាក Honda Zoomer-X ពាក់ស្លាកលេខ កំពង់ចាម 1W-7628 ដែលកំពុងធ្វើដំណើរពីកើតទៅលិច បណ្តាលឱ្យអ្នកបើកបរម៉ូតូ អាយុ ១៨ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មុននឹងរថយន្តបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត។
ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកែប ខណៈសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត Ford Ranger Raptor បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយពិនិត្យឃើញកម្រិតជាតិអាល់កុលរហូតដល់ 1.219 mg/L។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈរថយន្ត និងម៉ូតូពាក់ព័ន្ធទាំង ៣គ្រឿង ត្រូវបានយកទៅរក្សាទុកជាវត្ថុតាង៕

