ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ជាន់ទី៥ និងទី១៥ ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនបុរសជនជាតិឥណ្ឌូណេស៊ីចំនួន១២នាក់។ នេះបើតាមប្រភពព័ត៌មានពី លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ និងវត្ថុតាង រួមមានៈ Laptop ១០គ្រឿង និងទូរសព្ទដៃ ៤៣គ្រឿងនិងលិខិតឆ្លងដែនចំនួន ១២ច្បាប់ ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

