នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤ លេខ៥៥ ស្ពានលេខ៣១ ផ្លូវជាតិលេខ 6A នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានគ្រឿងចក្រជាច្រើនកំពុងសម្រុកជីកក្នុងបឹងចាន់ថ្នាល ហើយក្រុមរថយន្តដឹកដីជាច្រើនគ្រឿងនោះ ដឹកជញ្ជូនអាចម៍ដីដឹកយកទៅចាក់ទីតាំងផ្សេង ចម្ងាយប្រែល ២០គីឡូម៉ែត្រពីកន្លែងជីកដី ដោយដឹកជញ្ជូនមិនគ្រប ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សង្ស័យគ្មានច្បាប់ សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធអញ្ជើញចុះទៅពិនិត្យផង។
ឆ្លើយតបជាមួយអ្នកកាសែតទាំងកំបុតៗ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បើអត់ច្បាប់គ្មានអាណាគេឱ្យធ្វើទេ! ហើយក៏បិទទៅ។
ទីតាំងការជីកកាយពីសំណាក់ថៅរកស៊ីជីកដីលក់នេះ ស្ថិតនៅក្នុងទំនប់ចាន់ថ្នាល នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤ លេខ៥៥ ស្ពានលេខ៣១ ផ្លូវជាតិលេខ 6A នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មិនទាន់ដឹងថាថៅកែគ្រឿងចក្រឈ្មោះអីនៅឡើយនោះទេ គេគ្រាន់តែដឹងថា ក្រុមគ្រឿងចក្រកំពុងតែសម្រុកជីកដីនៅក្នុងរណ្តៅនោះ ហើយក្រុមរថយន្តកង់៦ជាច្រើនគ្រឿង កំពុងតែដឹកជញ្ជូនដោយមិនមានគ្របតង់នោះទេ ហើយទីតាំងខាងលើនេះគេសង្ស័យថា មិនមានច្បាប់អនុញ្ញាតនោះទេ។
គ្រឿងចក្រសម្រុកជីកកាយជិត ១០ថ្ងៃ មកហើយ ក្រុមរថយន្តដឹកជញ្ជូនបើកបរលឿនៗ ធ្វើឱ្យអាចម៍ដីធ្លាក់ជ្រុះពាសពេញផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្សពិបាកធ្វើដំណើរទៅមកខ្លាំងណាស់ នៅលើកំណាត់ផ្លូវជាតិលេខ6A ចាប់តាំងពីចំណុចរណ្តៅដីក្នុងភូមិ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤ លេខ៥៥ ស្ពានលេខ៣១ ផ្លូវជាតិលេខ 6A នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាកន្លែងទីតាំងចាក់អាចម៍ដី។
ប្រជាពលរដ្ឋអ្នករស់នៅក្បែរទីតាំងចាក់ដី និងអ្នកធ្វើដំណើរ លើកឡើងថា ក៏ព្រោះតែប្រយោជន៍ខ្លួនឯង ជាពិសេសក្រុមថៅកែរកស៊ីជីកដីលក់ មិនខ្លាចញញើតច្បាប់ ដឹកជញ្ជូនមិនគ្របធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ជាពិសេសសិស្សានុសិស្ស ដែលធ្វើដំណើរលើផ្លូវ មានដីប្រឡាក់លើផ្លូវជាតិលេខ១៤៤០ ហើយណាមួយជារដូវភ្លៀងទៀត ខ្លាចក្រែងរអិលដួលហើយជួបគ្រោះថ្នាក់ជាយថាហេតុ។
ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សំណូមពរដល់អស់ លោកថៅកែ កុំគិតតែពីផលប្រយោជន៍ខ្លួនឯងពេក គោរពច្បាប់ជាតិខ្លះផង គួរគិតដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេស កម្មករ កម្មការិនីរោងចក្រ សិស្សានុសិស្ស ជិះកង់ ម៉ូតូ ទៅធ្វើការងារ និងរៀនសូត្រផង។
ប្រជាពលរដ្ឋ សំណូមពរដល់អស់លោកអាជ្ញាធរ និងជំនាញពាក់ព័ន្ធ មេត្តាចុះទៅពិនិត្យទីតាំងកន្លែងជីក និងកន្លែងចាក់អាចម៍ដីផង ថា តើមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ? ហើយអស់លោកថៅកែគោរពតាមកិច្ចសន្យា បទដ្ឋានបច្ចេកទេសហើយឬនៅ?៕



