រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីអបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងពិភពលោក
ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅ វត្តឦសានរតនរាម ស្ថិតក្នុងក្រុងបានលុង ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ និងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងទាំង៣ យុវជនស. ស. យ. ក យុវជនស្រលាញ់សន្តិភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល
ខេត្ត បានលើកឡើងថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បាន ក្លាយជាកាលបរិច្ឆេទនៃការចងចាំនិងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោក ទាំងមូល ដោយគណៈកម្មាធិ
ការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួម
មាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពី ឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណ
ប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំនិងការការពារសន្តិភាព។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេច មហាបវរធិបតី បានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជា ការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។ និងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នា ធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ៕

