(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យតដឹងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា តាមរយៈប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូអូឡាំព្យ៉ា អគារC4 ជាន់ទី១៧ បន្ទប់លេខ១៧១០ មានជនបរទេសចំនួន ៦នាក់ ជាជនជាតិវៀតណាម និងសម្ភារមួយចំនួន រួមមាន Laptop ចំនួន ៣គ្រឿង(កាច់បំផ្លាញចោល) ទូរសព្ទដៃចំនួន ៧គ្រឿង (ផ្ទាល់ខ្លួន) ទូរសព្ទដៃចំនួន ១គ្រឿង (សម្រាប់បំរើការងារ)។ ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញបានរកឃើញថានេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(SCAMS ONLINE)។
ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន ២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល)៕

